តំបន់ទេសចរណ៏សួនសត្វភ្នំតាម៉ៅ

ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។ ភ្នំនេះជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ 


តំបន់នេះមានផ្ទៃដី ១២០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ១២០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី ៧០ហិចតានេះ រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ 

ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាំម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មក​លេង​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មិន​​ដែល​រំលង​ទស្សនា​សត្វ​កម្រ ៦​ ប្រភេទ​មាន​ដូច​ជា ពោះ​ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លា​ឃ្មុំ​។ សត្វ​ទាំង​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​បញ្ជី​លើ​គេ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ទស្សនា ពេល​មក​កម្សាន្ត​នៅ​សួន​ឧទ្យាន​ភ្នំ​តាម៉ៅ។

No comments:

Post a Comment