កំពង់ត្រាច ដែលមានទីតាំងស្ថិតនៅខេត្តកំពត គឺជាតំបន់ទេសចរណ៍មួយ។ តំបន់ទេសចរណ៍នេះ គឺជាស្រុកមួយដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ នៅពេលលោកអ្នកធ្វើដំណើរពីខេត្តកំពតទៅស្រុកកំពង់ត្រាច លោកអ្នកនឹងបានឃើញជនបទស្រុកស្រែចម្ការ ដែលមានទេសភាពគួរជាទីពិចពិលរមិលមើល។ រមណីយដ្ឋាននេះក៏សម្បូណ៌ដោយប្រវត្តិជាច្រើនផងដែរ។ មានផ្លូវមួយខ្សែកាត់តាមតំបន់ភ្នំវល្លិ៍ ដែលជាអតីតតំបន់ខ្មែរក្រហម។ កាលពីឆ្នាំ១៩៩៤ មានជនបរទេសមួយចំនួន ត្រូវបានពួកខែ្មរក្រហមចាប់ធ្វើជាចំណាប់ខ្មាំងនៅតំបន់នេះផងដែរ។
រមណីយដ្ឋានជីវចម្រុះព្រែកត្នោតមានទីតាំងស្ថិតនៅដាច់ដោយឡែកពីឧទ្យានជាតិបូកគោ។ រមណីយដ្ឋាននេះមានការទាក់ទាញចាប់អារម្មណ៍ពីក្នុងតំបន់និងពិភពលោក ចំពោះជីវចម្រុះដូចជា ពពួក សត្វកម្រនិងពពួកសត្វជិតផុតពូជជាដើម។ រមណីយដ្ឋានទេសចរណ៍នេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រប៉ែកខាងលិចក្រុងកំពត តាមបណ្តោយផ្លូវជាតិលេខ៣ និងមានចម្ងាយប្រមាណ៩០គីឡូម៉ែត្រប៉ែកខាងកើតខេត្តព្រះសីហនុ (ផ្លូវជាតិលេខ៤)។ អង្គការសង្គ្រោះសត្វព្រៃកម្ពុជា(SCW) អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរឧទ្យានជាតិបូកគោ បានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ដល់តំបន់ទេសចរណ៍ជីវចម្រុះរបស់សហគមន៍នេះ។រមណីយដ្ឋានទេសចរណ៍នេះ បានបើកឲ្យដំណើរការដោយប្រជាជនមូលដ្ឋាន ហើយចំណូលដែលទទួលបានមកពីភ្ញៀវទេសចរណ៍អាចជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ៕
No comments:
Post a Comment